2025-04-26
ឃី ភារៈ
2025-04-26
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Koson Group របស់ប្រទេសថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសហព័ន្ធដំឡូងមីកម្ពុជា លើការទទួលទិញដំឡូងមីពីកម្ពុជាចំនួន ៣០ម៉ឺនតោន និងពោតក្រហមចំនួន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ តាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។ ការចុះ MoU លើការទទួលទិញផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា ទៅកាន់ប្រទេសថៃ។
ក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ នៃដំណើរទស្សនកិច្ច ដែលធ្វើឡើង ចាប់ពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រតិភូកម្ពុជា ចំនួន ១២រូប ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ មកបណ្តាក់ទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ឱ្យបានច្រើន។ ក្នុងជំនួបនេះដែរ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃ បានពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ, កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភារកម្ម។
ក្នុងបេសកកម្មនេះដែរ ប្រតិភូកម្ពុជា ក៏បានធ្វើដំណើរទស្សនកិច្ច ទៅរោងចក្រកែច្នៃដំឡូងមី ប្រេងដូង រោងចក្រគ្រឿងសំអាង និងរោងចក្រធ្វើជីមួយចំនួន ដើម្បីស្វែងរកឱកាសទីផ្សារសម្រាប់ផ្គត់ផ្គង់ផលិតផលធ្វើជាវត្ថុធាតុដើម កែច្នៃសម្រាប់ផលិតផលសម្រេច ដែលនាំចូលពីកម្ពុជា។ រោងចក្រទាំងនោះ គឺមានជារបស់ក្រុមហ៊ុនចំនួន៦ ដូចជា៖ ក្រុមហ៊ុន Thai Eastern Group Holding Plc., ក្រុមហ៊ុន Global Green Chemical Plc., ក្រុមហ៊ុន Koson Group, ក្រុមហ៊ុន Thai Ruamjai Vegetable Oil Ltd, ក្រុមហ៊ុន Saksiam Group និងក្រុមហ៊ុន Kovic Kate International (Thailand) Ltd.។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី