2025-03-21
ឃី ភារៈ
2025-03-21
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាបចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលបន្តរៀបចំផ្តល់ជូន ក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងបែបនេះក្នុងយុទ្ធនាការផ្សព្វផ្សាយ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ កាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា អត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន រួមមាន វិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណ ការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការមិនជាប់កាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្វែងយល់អំពីអត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន ដើម្បីរាជរដ្ឋាភិបាលអាចកសាងមូលដ្ឋានទិន្នន័យសម្រាប់ផ្តល់ការគាំទ្រ និងអន្តរាគមន៍បានចំគោលដៅ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គិតត្រឹមថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលសំណើចុះឈ្មោះចំនួន ៣៣ ៨០៤ ដោយក្នុងនោះមានកម្មករ-និយោជិតចំនួន ១ ៨៥៥ សហគ្រាសធុនមីក្រូចំនួន ១ ១៦៩ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៣០ ៧៨០នាក់ ។
ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បញ្ចាក់បន្ថែមថា ខេត្តសៀមរាបស្ថិតនៅលេខរៀងទី៧ ដែលមានការស្នើសុំចុះឈ្មោះចំនួន ១ ៤៦៦សំណើ ហើយយុទ្ធនាការនេះ គឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើន ដោយថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី