2025-03-18
ទូច សូរិយា
2025-03-18
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្នើឱ្យគណៈប្រតិភូសហរដ្ឋអាម៉េរិកដែលដឹកនាំដោយលោក Brett Horton នាយកខុទ្ទកាល័យរបស់សមាជិកសភា Steve Scalise ប្រធានក្រុមសម្លេងភាគច្រើនក្នុងរដ្ឋសភាអាម៉េរិក ជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនអាម៉េរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
ក្នុងជំនួបនេះ លោក Brett Horton បានអបអរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។ ជាមួយគ្នានេះ កម្ពុជា-អាម៉េរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរអំពីការជំរុញទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ឯកឧត្តម ជា វុទ្ធី ក៏បញ្ជាក់អំពីរចនាសម្ព័ន្ធគ្រប់គ្រង CDC, សាវតារនៃការរៀបចំគោលនយោបាយទាក់ទាញការវិនិយោគឯកជន, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន និងប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីវឌ្ឍនភាពនៃការវិនិយោគជារួមនៅកម្ពុជា និងបានកត់សម្គាល់ពីទំហំនៃការវិនិយោគរបស់អាម៉េរិកនៅកម្ពុជាដែលនៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត៕
នាំមកជូនដោយ