2025-03-11
ទូច សូរិយា
2025-03-11
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ត្រៀមកំណត់តម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារដែលខ្លួនត្រូវការ ដើម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ឱ្យស្របទៅតាមការផ្គត់ផ្គង់ និងមានផែនការជាក់លាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាការងារជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវ នៅមន្ទីរកសិកម្ម ខេត្តបាត់ដំបង ឯកឧត្តម ឌិត ទីណា បានលើកឡើងពីស្តង់ដាមួយចំនួនដែលបម្រើផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា និងនាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលើទីផ្សារអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់បន្ថែមថា ពូជស្រូវក្រអូបមានច្រើនប្រភេទ រួមមាន៖ សែនក្រអូប ចំប៉ីស៧០ ស្រងែថ្មី ដែលរោងម៉ាស៊ីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកនេះដូចគ្នា ដែលសំដៅដល់ទទួលបានផលប្រយោជន៍រួមគ្នារវាងកសិករដាំដុះ និងរោងម៉ាស៊ីន និងបង្កើនភាពជឿជាក់ជាមួយគ្នា។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យមើលស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងការប្រើប្រាស់ ដើម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាពខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ ដែលក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ បានបង្ហាញថាទុនពិសេសដែលបញ្ចេញ គឺដើម្បីរក្សាស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ៕
នាំមកជូនដោយ