2025-02-23
ទូច សូរិយា
2025-02-23
ទូច សូរិយា
ភ្នំពេញ៖ រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ត្រូវបានក្រសួងបរិស្ថានពិន័យអន្តរការណ៍ទៅតាមច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រដែលបានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រោយពីការចុះទៅពិនិត្យរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ មានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ ដែលមានចម្ងាយពីរោងចក្រប្រមាណ៣០០ម៉ែត្រ។ ជាមួយគ្នានេះ ក្រុមការងារ បានយកសំណាកទឹកនៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹងបង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារក្រសួង បានចាត់វិធានការអនុវត្តចំពោះរោងចក្រឱ្យផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ នៅក្នុងព្រែកដែលរងការប៉ះពាល់, តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌សស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹងនៅក្រោយរោងចក្រ។ ក្រៅពីនេះ រោងចក្រ ត្រូវរៀបចំរបាយការណ៍រាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ពិសេសត្រូវកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឱ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់សំណល់រាវក្រោយការសម្អាតរួច និងដើម្បីជៀសវាងការហូរចូលទៅស្ទឹងបន្តទៀត។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា យោងតាមភស្តុតាង និងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញសំណល់រាវរបស់ក្រុមហ៊ុន ដែលបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើសទៅនឹងមាត្រា១៥៦, ២៨៧, ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី