2025-02-22
ទូច សូរិយា
2025-02-22
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើគម្រោងបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ZHAN David អនុប្រធានក្រុមហ៊ុន Air Cambodia បានលើកឡើងថា សួនកសិ-ឧស្សាហកម្មនេះ ត្រូវបានរំពឹងថានឹងក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធវិស័យកសិកម្ម។
គួរបញ្ជាក់ថា ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ត្រូវបានផ្លាស់ប្តូរឈ្មោះពី ក្រុមហ៊ុន Cambodia Angkor Air ដែលបច្ចុប្បន្នមានជើងហោះហើរត្រង់ជាច្រើនពីកម្ពុជា ទៅកាន់ប្រទេសចិន ដែលនាពេលអនាគត ក្រុមហ៊ុនគ្រោងនឹងបើកជើងហោះហើរត្រង់ពីភ្នំពេញ ទៅកាន់ទីក្រុងធំៗចំនួនពីរក្នុងប្រទេសជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់កម្ពុជាផងដែរ៕
នាំមកជូនដោយ