2025-02-18
ទូច សូរិយា
2025-02-18
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិសរុបចំនួន ២០៤ ៧២០ដុល្លារ សម្រាប់អនុវត្តគម្រោងដំឡើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ និងគម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានេះ គម្រោងដំឡើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ ទទួលបានថវិកា ៦៣ ៤៧០ដុល្លារ ដើម្បីដំឡើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិតជំនួសម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រនេះ ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិត ដែលម៉ាស៊ីនថ្មីនេះ នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។
ចំណែក ថវិកាចំនួន ១៤១ ២៥០ដុល្លារ ត្រូវអនុវត្តគម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ដើម្បីសាងសង់កំពង់ផែថ្មីមួយ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះ នឹងផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដល់ប្រជាជនមូលដ្ឋានប្រមាណ ៣ ០០០នាក់ ពិសេសនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានាផងដែរ៕
នាំមកជូនដោយ