2024-12-20
ឃី ភារៈ
2024-12-20
ឃី ភារៈ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង ក្នុងការផលិតប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍន៍ឧស្សាហកម្មស៊ីម៉ង់ត៍ផងដែរ។ ពាក់ព័ន្ធនឹងការសម្រេចបន្តផ្តល់ការលើកទឹកចិត្តនេះ ធ្វើឡើងតបតាមការស្នើរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ទៅកាន់សម្តេចធិបតីនាយករដ្ឋមន្រ្តី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ភារកិច្ចលើកទឹកចិត្តផ្នែកពន្ធដារដល់ក្រុមហ៊ុនស៊ីម៉ង់ត៍ក្នុងស្រុកនេះ ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល សិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកជាយោបល់សុំការសម្រេចពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍ ដែលមានបណ្តាក្រុមហ៊ុនជាសមាជិក បាននិងកំពុងបោះទុនវិនិយោគសរុបជាង ១,២ប៊ីលានដុល្លារ បង្កើតការងារបានជាង ២៧០០កន្លែង ដែលក្នុងនោះជាង ១៩០០នាក់ ជាកម្លាំងពលកម្មក្នុងស្រុក។ បន្ថែមលើនេះ លោក Ratchayut Kasemchaisiri បន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួន ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពីការរួមចំណែករបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ, បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី