2024-12-02
SME News
2024-12-02
SME News
ភ្នំពេញ៖ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយាន Yunnan Investment Group នេះ បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍន៍តំបន់ជុំវិញ អាកាសយាន ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។
ការលើកឡើងពីគម្រោងអភិវឌ្ឍន៍នេះ ធ្វើឡើងក្នុងជំនួបជាមួយនឹងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោក Lu Wei ក៏បានឱ្យដឹងផងដែរថា អាកាសយានដ្ឋាននេះ បានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនអាកាសយានដ្ឋានមួយនេះ បាននិងកំពុងប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នាជំនួបជាមួយនឹងលោក Lu Wei ក៏បានសរសើរក្រុមហ៊ុន ដែលបានសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា ជាមួយនឹងកំណើនអ្នកដំណើរជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រក្រុមហ៊ុន ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖«យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត»។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការចែករំលែកព័ត៌មានសម្រាប់ការរៀបចំផែនការរួមគ្នា ពិសេសទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការផ្គត់ផ្គង់ទឹកស្អាត ជាដើម។
សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើន៕
នាំមកជូនដោយ