2024-11-18
ទូច សូរិយា
2024-11-18
ទូច សូរិយា
ភ្នំពេញ៖ ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ ទទួលប្រាក់ចំណូលសរុប ១៧ ៣០៨ ដុល្លារ ពីការសម្រាកលំហែកម្សាន្តរបស់ភ្ញៀវទេសចរចំនួន ៣១ ៨៦០នាក់ ដែលក្នុងនោះទេសចរបរទេសមានចំនួន ២៩៥នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ បានបង្កប់ដោយសក្តានុពលសម្រាប់លំហែបៃតង រួមមាន៖ វាលស្មៅស្រស់ស្អាត មានទឹកធ្លាក់ ផ្ទាំងថ្ម ផ្កាព្រៃ ព្រៃឈើ សត្វព្រៃ កន្លែងវប្បធម៌ និងប្រវត្តិសាស្រ្តជាដើម។ រតនសម្បត្តិធម្មជាតិទាំងអស់នេះ ត្រូវបានការពារនិងអភិរក្ស ពីមន្រ្តីឧទ្យានុរក្សនិងអ្នកពាក់ព័ន្ធ ជាពិសេសពីប្រជាពលរដ្ឋមូលដ្ឋាន ដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់នោះ ដើម្បីការរស់នៅដោយចីរភាព។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈជម្រើសមុខរបរសមស្រប ដែលមិនពឹងពាក់លើធនធានធម្មជាតិ។ នាបច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិ សរុបមានចំនួន ១៩៣សហគមន៍ ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រជាជនចំនួន ៧៣ ១៩៤គ្រួសារ មកពី ៣៦២ភូមិ ១១៥ឃុំ ចំនួន ១៦ខេត្ត គ្រប់គ្រងផ្ទៃដីទំហំ ៣៣២ ១០៨ហិកតា។
ក្រសួងបរិស្ថាន បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ បាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន តាមរយៈការងារកសិកម្ម ចិញ្ចឹមសត្វ ក្រុមសន្សំប្រាក់ អាជីវកម្មខ្នាតតូច ក៏ដូចជាការប្រមូលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ មានជាអាទិ៍ ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតលីញជឺ ផ្លែសំរ៉ង ផ្លែគុយ ផ្លែរំដួល ជ័រទឹក ជ័រចុង ទឹកឃ្មុំ ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី