2026-11-10
SME News
2026-11-10
SME News
ភ្នំពេញ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាកំពុងជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេច ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផល និងការអនុលោមតាមស្តង់ដារអន្តរជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦។
វេទិការយៈពេលពីរថ្ងៃ ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ទីផ្សារសាកល៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» មានគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ "គោលដៅរបស់យើងមិនមែនគ្រាន់តែបង្កើនបរិមាណនាំចេញនោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្តង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ និងការទទួលស្គាល់លើទីផ្សារអន្តរជាតិ។"
ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមានសមត្ថភាពកែច្នៃសរុបប្រមាណ ៨៦.៨០០តោនក្នុងមួយឆ្នាំ ខណៈបរិមាណកែច្នៃជាក់ស្តែងមានត្រឹម ២២.៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពដែលមានស្រាប់។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការប្រើប្រាស់សមត្ថភាពកែច្នៃដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យមានការផ្សារភ្ជាប់កាន់តែប្រសើររវាងការផ្គត់ផ្គង់វត្ថុធាតុដើម ហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ និងទីផ្សារ។
ចំពោះវិស័យម្រេច ការចុះបញ្ជីម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប ជាឧទាហរណ៍នៃការប្រើប្រាស់លក្ខណៈពិសេសផ្នែករសជាតិ គុណភាព និងអត្តសញ្ញាណប្រភពដើម សម្រាប់បង្កើនគុណតម្លៃផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីការខិតខំអភិវឌ្ឍស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តវិភាគសំណល់ថ្នាំកសិកម្ម សារធាតុពុល លោហៈធ្ងន់ និងមេរោគបង្កគ្រោះថ្នាក់ ដើម្បីគាំទ្រការធានាគុណភាព និងសុវត្ថិភាពផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគំនិតផ្តួចផ្តើមលើបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ សេវាគាំទ្រធុរកិច្ច និងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីជួយសហគ្រាសលើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពកែច្នៃ និងបំពេញតាមតម្រូវការទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ "យើងត្រូវប្រែក្លាយកិច្ចសហការទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងភាពជាដៃគូពាណិជ្ជកម្ម ដែលនាំទៅដល់កិច្ចព្រមព្រៀងទិញលក់ និងការពង្រីកការនាំចេញ។"
វេទិកាដែលប្រព្រឹត្តទៅនៅថ្ងៃទី១០–១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកវិនិយោគ និងអ្នកជំនាញ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប ពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី