2026-11-04
SME News
2026-11-04
SME News
ភ្នំពេញ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពង្រឹងវិធានការត្រៀមសម្រាប់និរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាត ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករណ៍ថាអាចបង្កផលប៉ះពាល់ដល់របបទឹកភ្លៀង និងប្រភពទឹកនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងរដ្ឋាករទឹកសាធារណៈ មន្ទីររាជធានី-ខេត្ត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីពិនិត្យ និងដាក់ចេញវិធានការត្រៀម និងពង្រឹងការសម្របសម្រួលសម្រាប់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “យើងមិនទាន់ដឹងច្បាស់ថា បាតុភូតអែលនីញ៉ូនឹងមានឥទ្ធិពលខ្លាំងកម្រិតណា ឬអូសបន្លាយយូរប៉ុណ្ណាទេ។ ប៉ុន្តែការត្រៀមលក្ខណៈបានល្អ អាចជួយកាត់បន្ថយផលប៉ះពាល់។ ដូច្នេះ យើងត្រូវត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុត និងពង្រឹងវិធានការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។”
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បាតុភូតអែលនីញ៉ូអាចបន្តមានឥទ្ធិពលលើកម្ពុជារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយក្រសួងបានអំពាវនាវឱ្យថែរក្សាប្រភពទឹក សន្សំសំចៃទឹក និងផ្តល់អាទិភាពទី១ ដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងទី២ ដល់ការធ្វើស្រែប្រាំងនិងការដាំដុះ។
សម្រាប់វិស័យទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការវាយតម្លៃបច្ចេកទេសលើស្ថានភាពប្រភពទឹក ការត្រៀមលក្ខណៈហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាប្រឈមដែលអាចកើតមាន ដើម្បីជួយឱ្យប្រតិបត្តិករទឹកស្អាតកំណត់វិធានការត្រៀមជាមុន និងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់។
ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យប្រតិបត្តិករទឹកស្អាត ទាំងរដ្ឋ និងឯកជន បង្កើនការតាមដានស្ថានភាពប្រភពទឹក ពង្រឹងផែនការត្រៀមបម្រុង និងស្វែងរកប្រភពទឹកជំនួស តាមការចាំបាច់។
ឯកឧត្តមបានបញ្ជាក់ថា៖ “ការផ្គត់ផ្គង់ទឹកស្អាតត្រូវមាននិរន្តរភាព។ យើងត្រូវគិតគូរទុកជាមុន និងស្វែងរកដំណោះស្រាយបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលអាចកើតមាន។”
វិធានការដែលបានលើកឡើងក្នុងកិច្ចប្រជុំរួមមានការបង្កើនសមត្ថភាពស្តុកទឹក កាត់បន្ថយការបាត់បង់ទឹកក្នុងបណ្តាញ ការសន្សំសំចៃទឹក ការត្រៀមឧបករណ៍ និងមធ្យោបាយអន្តរាគមន៍សម្រាប់ករណីចាំបាច់ និងការពង្រឹងកិច្ចសហការរវាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាត និងអាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ចូលរួមផ្សព្វផ្សាយវិធានការត្រៀមបម្រុងដល់ប្រតិបត្តិករទឹកស្អាតឯកជន និងអនុវត្តដំណោះស្រាយប្រកបដោយភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន។ ខ្លឹមសារផ្តល់ដោយ៖ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី