2026-03-12
គិត បុប្ផា
2026-03-12
គិត បុប្ផា
ភ្នំពេញ៖ «បើទោះបីការផ្គត់ផ្គង់ប្រេង និងឧស្ម័នលើទីផ្សារសកលកំពុងត្រូវបានរំខាន បច្ចុប្យន្ន កម្ពុជា មិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ»។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»។
ឯកឧត្តម ហែម វណ្ណឌី បន្តដូច្នេះថា៖ «ប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់យើងថា នៅពេលកម្ពុជាទទួលរងការគំរាមកំហែង កម្ពុជានឹងងើបឡើង, នៅពេលគេព្យាយាមបិទខ្ទប់ទីផ្សាររបស់យើង យើងបង្កើតទីផ្សារថ្មីៗ, នៅពេលគេព្យាយាមកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់របស់យើង យើងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ហើយនៅពេលគេគាបសង្កត់យើងកាន់តែខ្លាំង យើងច្នៃប្រឌិត និងបង្កើតនវានុវត្តន៍កាន់តែច្រើន»។ ក្នុងសិក្ខាសាលា ដែលពិភាក្សាយុទ្ធសាស្ត្រពង្រឹងស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានខ្សែច្រវាក់ផ្គត់ផ្គង់សកល ឯកឧត្តមបញ្ជាក់ថា ភាពខ្លាំងសេដ្ឋកិច្ច គឺជាគ្រឹះសម្រាប់សន្តិសុខជាតិ ហើយកម្ពុជា ត្រូវបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនភាពម្ចាស់ការ។
ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍បន្ថែមថា រហូតមកទល់ពេលនេះ ទាំងសង្គ្រាមឈ្លានពាន ទាំងពន្ធបដិកា និងសង្គ្រាម ដែលកំពុងឆាបឆេះនៅមជ្ឈឹមបូព៌ា មិនបានធ្វើឱ្យរង្គោះរង្គើខឿនឧស្សាហកម្មរបស់កម្ពុជាឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការគាំទ្រកាន់តែខ្លាំងចំពោះការផលិត និងកែច្នៃក្នុងស្រុក និងលើកកម្ពស់មនសិការស្នេហាជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយលើកឡើងថា៖ «ការឆ្លើយតបដ៏មានឥទ្ធិពលបំផុតចំពោះការគំរាមកំហែងសេដ្ឋកិច្ច មិនមែនជាកំហឹងនោះទេ ប៉ុន្តែគឺ ផលិតភាព នវានុវត្តន៍ និងសាមគ្គីភាពជាតិ»។
គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជា មានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣.០៨៣រោងចក្រ ដែលផ្តល់ការងារជាង ១,២៦លាននាក់ ក្នុងនោះស្ត្រីមានជាង ៧១ភាគរយ។ កម្ពុជា មានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលប្រើកម្លាំងពលកម្មជិត ៣លាននាក់ ដោយមិនទាន់គិតអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនលាននាក់ទៀត។ ឯកឧត្តម បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសក្នុងស្រុកទាំងនេះ ក្នុងការរួមចំណែកកសាងភាពធន់របស់ជាតិផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី