2026-03-12
គិត បុប្ផា
2026-03-12
គិត បុប្ផា
ភ្នំពេញ៖ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាម៉េរិកជួបប្រទះ ដើម្បីរួមចំណែកលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាម៉េរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែម។
ក្នុងកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កិច្ចសន្ទនានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥, ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីគំនិតផ្តួចផ្តើម លើការរៀបចំជំនួបអាហារពេលព្រឹកការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិនផ្លាស់ប្តូរព័ត៌មានជាមួយរាជរដ្ឋាភិបាលកាន់តែញឹកញាប់ សំដៅផ្លាស់ប្តូរការយល់ដឹង និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគាំទ្រវិនិយោគិន។ យន្តការនេះ នឹងបម្រើជាវេទិកាបន្ថែមមួយទៀតដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិននៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។
តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិក បានទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនាទាំង៣ លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការផងដែរ។
សូមជម្រាបថា កិច្ចសន្ទនាលើកទី៤ ប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី