2026-02-18
ទូច សូរិយា
2026-02-18
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមជាមួយយោធាថៃ និងតម្រូវការជាក់ស្តែង ដើម្បីរៀបចំសាលារៀននៅជំរំ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូល ដើម្បីកែលម្អលើគម្រោងផែនការសាងសង់សាលារៀនបណ្ដោះអាសន្ននៅក្នុងជំរំក្នុងខេត្តបន្ទាយមានជ័យ និងការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើរការរៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។
មុនឈានចូលដល់កិច្ចប្រជុំពិនិត្យ និងសម្រេចលើផែនការរៀបចំសាលារៀនក្នុងជំរំខេត្តបន្ទាយមានជ័យ ក្រុមការងារជំនាញក្រោមឱវាទក្រសួង បានចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងនិងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធតាមរយៈកម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងឱ្យមានការរៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ច ដើម្បីជំរុញការងារនេះដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល, ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលានិងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែននិងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងនៃការសាងសង់សាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្នើឱ្យក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្ស និងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល ពិសេសត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មីដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានាដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុលនិងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។
ចំពោះ ស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការស្តារសាលារៀនឡើងវិញ ដោយបែងចែកជាតំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀតដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗ ដើម្បីធានាបានថាការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណងយកឱកាសនេះ ដើម្បីអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំ និងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី