2024-03-13
គិត បុប្ផា
2024-03-13
គិត បុប្ផា
ភ្នំពេញ៖ ស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងសហភាពអឺរ៉ុប មាន ៦២ គម្រោង ដែលស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ពោលគឺគិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន។ នេះជាការសង្កេតឃើញរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលថាកិច្ចសហប្រតិបត្តិការនេះហាក់មានកម្រិតតិចតួចនៅឡើយ។
ក្នុងជំនួបជាមួយលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) របស់សហភាពអឺរ៉ុប នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។ បច្ចុប្បន្ន កម្ពុជា បានទទួលវិនិយោគិនមកពីប្រទេសនានា ដែលមានទាំងសហរដ្ឋអាម៉េរិក កូរ៉េ ជប៉ុន ចិន និងប្រទេសជា ច្រើនទៀត ដែលក្នុងនោះកម្ពុជា ចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុប ចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់រដ្ឋាភិបាល ក្នុងការគាំទ្រដល់វិស័យឯកជន រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ ពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានចំនួន ១៧៤គម្រោង ក្នុងនោះក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុបអាចពិនិត្យលទ្ធភាពក្នុងការវិនិយោគបានផងដែរ។
ចំពោះ លោក Peteris Ustubs បានលើកឡើងអំពីទស្សនកិច្ចទាក់ទាញវិនិយោគិន ដែលកម្ពុជា អាចរៀបចំបានក្នុងសហភាពអឺរ៉ុប ដែលមាន ២៧ប្រទេស ក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជា ឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិន។ លើសពីនេះ លោក Peteris Ustubs ក៏បានបន្តជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី