2025-11-04
ទូច សូរិយា
2025-11-04
ទូច សូរិយា
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២៥ ស្ពានមិត្តភាពកម្ពុជា-ចិននេះ នៅបន្តសាងសង់បញ្ចប់លើការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ ក្នុងនោះក្រុមហ៊ុនសាងសង់ នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀតឱ្យបានរួចរាល់មុនកិច្ចសន្យា។
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានវឌ្ឍនភាពសាងសង់ ៩៨,៣៦% ខណៈដែលគម្រោងទាំងមូល រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩%។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក, គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។
ដំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី