2024-03-06
ទូច សូរិយា
2024-03-06
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមហិរញ្ញប្បទានឥតសំណងចំនួន ៥៣,២លានយ័ន ស្មើនឹងប្រមាណ ៧,៣ លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី(វិមានសន្តិភាព)។ នេះបើតាមការចុះផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
ក្នុងពិធីចុះ MOU ផ្តល់ជំនួយនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ ជាពិសេស ផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤ ដែលជា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន»។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា៖«ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងពីរ ពិសេស ក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ ក្នុងនោះមានគម្រោងវិនិយោគសំខាន់ៗជាច្រើនបានលេចរូបរាងឡើង ដូចជា៖ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនៅថ្ងៃខាងមុខ ដែលបានចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ និងជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន»។
ក្នុងជំនួបនេះ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ការផ្តល់ជំនួយទាំងបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជានេះ បានរួមចំណែកពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការល្អបន្ថែមទៀតរវាងប្រទេសទាំងពីរ និងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យនាពេលអនាគត ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី