2025-07-14
SME News
2025-07-14
SME News
ភ្នំញេញ៖ នាវេលារសៀល ថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សព្ទស័ក ពុទ្ធសករាជ ២៥៦៩ មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា គ្រឹស្តសករាជ ២០២៥ ស្ថិតក្នុងមហារាជកុដនៃវត្តមុនីសុវណ្ណ (ហៅវត្តចំពោះក្អែក) គឺជាថ្ងៃដ៏មហានក្ខត្តឫក្សដ៏ឧត្តង្គឧត្តមមហាប្រសើរ ព្រោះមានព្រះវត្តមានដ៏ថ្លៃថ្លានៃ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង (សង្គហត្ថេរោ) សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចទ្រង់យាងទាននូវព្រះរាជប្រកាសនីយប័ត្រ នៃសេចក្តីត្រាស់សម្រេច ផ្តល់គោរម្យ៍ងារ ជូនដល់ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ ជា «សិរីពិជ័យហោរានុរ័ក្ខពិទូរ្យញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍«។
ពិធីនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលទទួលស្គាល់ស្នាដៃរបស់ឯកឧត្តមបណ្ឌិត ដោយមហាព្រះប្រាជ្ញាញាណ ទ្រង់បានឈ្វេងយល់ទទួលស្គាល់នូវ ស្នាដៃការងារស្រាវជ្រាវប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជាពិសេសលើក្បួនច្បាប់តម្រា វិជ្ជាហោរាសាស្រ្តខ្មែរ ដែលជាវិជ្ជាចាំបាច់តពូជពង្សវង្សត្រកូលខ្មែរគ្រប់ៗជំនាន់ តាំងពីបុរាណកាលដរាបរៀងមក។ វិជ្ជាហោរាសាស្រ្តប្រពៃណីខែ្មរនេះ ពិតជាបានផ្តល់នូវមហាប្រយោជន៍ជូនដល់ប្រជាជនខ្មែរគ្រប់រូប ហើយថែមទាំងជាស្នាដៃក្បួនច្បាប់តម្រាដ៏ពិសេសបំផុតក្នុងលោកផងដែរ ដែលមានតម្លៃជាសារវន្តសម្រាប់បម្រើជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា និងព្រះមហាក្សត្រនៃយើងទាំងអស់គ្នាថែមទៀតផង ព្រោះនេះគឺជាមរតកវប្បធម៌ដ៏កម្ររបស់ជាតិខ្មែរ។
ដោយការណ៍នេះហើយ ទ្រង់មានព្រះមហាបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ដ៏ខ្ពង់ខ្ពស់បំផុត ទើបទ្រង់សម្តេចទាំងទ្វេរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ពិតជាសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ត្រាស់សម្រេច ផ្តល់គោរម្យ៍ងារជូន ឯកឧត្តមបណ្ឌិត ជា «សិរីពិជ័យហោរានុរ័ក្ខពិទូរ្យញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» តាមព្រះរាជប្រកាសនីយប័ត្រ លេខ១៧២១/២៥ រ.ប្រ.ក នៃគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា ចុះថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តសាស្ត្រាចារ្យ បណ្ឌិត អ៊ឹម បុរិន្ទ ត្រូវបានទទួលស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិជ្ជាហោរាសាស្ត្រខ្មែរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងអភិរក្សចំណេះដឹងនេះ។ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ព្រះសង្ឃ តាអាចារ្យ ដូនជី សិស្សគុណទាំងអស់ ក៏ដូចជាអ្នកជំនួញតូចធំ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាច្រើន ជាពិសេសអ្នកសិក្សាស្រាវជ្រាវ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបញ្ញាវ័ន្តខ្មែរជាច្រើនរាប់លាននាក់ ដែលធ្លាប់ចូលសិក្សារៀនសូត្រនូវវិជ្ជាហោរាសាស្ត្រខ្មែរជាមួយលោកគ្រូ ឬបាននិងកំពុងប្រើប្រាស់សៀវភៅមហាសង្ក្រាន្តខ្មែរឆ្នាំថ្មី ប្រតិទិនខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ សៀវភៅហោរាសាស្ត្រខ្មែរ និងសៀវភៅជាច្រើនទៀតដែលទាក់នឹង សៀវភៅហារាសាស្ត្រខ្មែរ-ចិន-សកល សុទ្ធតែទទួលស្គាល់នូវស្នាដៃរបស់ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ថាជាស្នាដៃពិសិដ្ឋ វិជ្ជាពិសេស និងមានលក្ខណៈបច្ចេកទេសខ្ពស់ ដែលជាស្នាដៃដ៏កម្ររបស់ខ្មែរ និងពុំសូវមានធនធានមនុស្ស ដែលអាចចេះទស្សន៍ទាយ និងគណនានូវក្បួនលេខសាស្រ្ត ក្បួនតម្រាខ្មែរនានា តាមបែបបុរាណខ្មែរ-ចិន-សកលនេះឱ្យបានខ្លាំងនោះទេ។
ហេតុដូច្នេះហើយ ព្រះរាជទាននូវគោរម្យ៍ងារនេះ ពិតជាស័ក្តិសមបំផុតចំពោះ «ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត សិរីពិជ័យហោរានុរ័ក្ខពិទូរ្យញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ឹម បុរិន្ទ» ដែលលោកមានស្នាដៃ និងគុណូបការៈដ៏ធំធេង ក្នុងការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត លះបង់កម្លាំងកាយ បញ្ញាញាណ ដោយមិនខ្លាចភាពនឿយហត់ស្ទើរពេញមួយជីវិត ក្នុងបុព្វហេតុជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជន ជាតិ សាសនា និងព្រះមហាក្សត្រកម្ពុជានៃយើង។
គួរតម្លឹកផងដែរថា ក្នុងនាមជាអ្នកស្រាវជ្រាវដ៏លេចធ្លោ «ឯកឧត្តមបណ្ឌិត សិរីពិជ័យហោរានុរ័ក្ខពិទូរ្យញាណ» លោកកើតថ្ងៃព្រហស្បតិ៍ ទី២៩ ខែ ឧសភា ឆ្នាំ១៩៥៨ និងក្រោយពេលដែលលោកមានពេលវេលាគ្រប់គ្រាន់ឡើងវិញ លោកបាន ចាប់ផ្តើមសរសេរសៀវភៅ ក្បួនហោរាសាស្ត្រ មហាសង្ក្រាន្ត ប្រតិទិនខ្មែរ ចាប់ពីឆ្នាំ១៩៩៤។ ក្រោយមកទៀតនា ឆ្នាំ១៩៩៨ លោកបានក្លាយជាសមាជិក គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ។ បន្ទាប់មកទៀត ក្នុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ។
ជាចុងក្រាយ ក្នុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ លោកមានតួនាទី ជាទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ និងជានាយក គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានឋានៈស្មើរដ្ឋលេខាធិការ។ ជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលមានស្នាដៃល្អ នាឆ្នាំ២០២៤ លោកក៏ទទួលបាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសិរីវឌ្ឍន៍» ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរោកាសដ៍ថ្លៃថ្លាឧត្តុង្គឧត្តមនេះ ពិធីប្រគល់គោរម្យ៍ងារខាងលើបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ព្រះសង្ឃ តាអាចារ្យ ដូនជី សិស្សគុណទាំងអស់នៅគ្រប់ទិសទី ក៏ដូចជាអ្នកជំនួញតូចធំ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាច្រើន ជាពិសេសអ្នកសិក្សាស្រាវជ្រាវ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបញ្ញាវ័ន្តខ្មែរជាច្រើន ដែលធ្លាប់បានប្រាស្រ័យទាក់ទង ចូលសិក្សាជាមួយ ធ្វើការជាមួយ និងពឹងពាក់អញ្ជើញលោកគ្រូជួយទស្សន៍ទាយ រៀបចំពិធីបួងសួង រៀបឬកល្អនៅផ្ទះ ការដ្ឋានសាងសង់ កន្លែងការងារ រកស៊ី ជួញដូរ អចលនៈទ្រព្យផ្សេងៗ បានត្រេកអរឥតឧបមារ ដែលលោកគ្រូទទួលបាននូវគោរម្យ៍ងារដ៏មានមហាកិត្តិយសខាងលើនេះ ហើយបាននាំគ្នា លើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមនិមន្តយាងអភិបាលបីបាច់ថែរក្សា និងប្រោះព្រំនូវ សព្ទសាធុការពរ ជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត សិរីពិជ័យហោរានុរ័ក្ខពិទូរ្យញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ឹម បុរិន្ទ ជាទីគោរព សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលមាំមួន បញ្ញាភ្លឺថ្លា វាងវៃ អាយុយឺនយូរ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តចូលរួមចំណែកដឹកនាំ និងស្រាវជ្រាវវិជ្ជាហោរាសាស្រ្តខ្មែរ បានជាប្រយោជន៍ដល់វិស័យពុទ្ធចក្រ ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយភាពសុខដុមរមនាអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ។
ព្រឹត្តិការណ៍នៃការផ្តល់គោរម្យ៍ងារដ៏ខ្ពង់ខ្ពស់ជូនដល់អ្នកជំនាញខាងវិជ្ជាហោរាសាស្ត្រខ្មែរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងអភិរក្សចំណេះដឹងនេះនេះ ឆ្លុះបញ្ចាំងពីការរួបរួមគ្នាក្នុងការថែរក្សាមរតកវប្បធម៌ជាតិខ្មែរ និងការលើកទឹកចិត្តដល់អ្នកមានស្នាដៃក្នុងវិស័យនេះឱ្យកាន់តែខិតខំប្រឹងប្រែងបន្តទៀត ព្រោះថាក្នុងយុគសម័យតេជា-ធិបតី រាជរដ្ឋាពិបាលនៅតែបន្តប្រើអភិក្រម «រក្សាចាស់បង្កើនថ្មី ពង្រឹងជាជាងពង្រីក រៀបចំផ្ទះឱ្យបានរៀបរយ» ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី