2025-07-12
ទូច សូរិយា
2025-07-12
ទូច សូរិយា
ភ្នំពេញ៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើក «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
វេទិកា ដែលធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប»នេះ ជាការជួបជុំដ៏សំខាន់ប្រចាំឆ្នាំមួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងប្រជាសហគមន៍ ប្រមាណជាង ៤០០នាក់។
ការជួបជុំនេះ គឺដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័ន ចំណុះឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួងទេសចរណ៍ គឺ «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» (Tonlesap Ecotourism Network) ដែលអាចហៅកាត់ខ្លីជាភាសាអង់គ្លេសថាបណ្តាញថេន «TEN»៕
នាំមកជូនដោយ