2025-06-04
ឃី ភារៈ
2025-06-04
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងពង្រឹងកិច្ចសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយផ្តោតលើការរៀបចំប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ អភិវឌ្ឍន៍ជាតិ និងការកសាងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ដ៏រឹងមាំមួយនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួង ឧ.វ.ប.ន. លើកឡើងថា ខណៈពេលដែលកម្ពុជា បន្តកសាងសមត្ថភាព គឺត្រូវធានាថា ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសសម្រាប់ការអភិវឌ្ឍរយៈពេលវែង។ ឯកឧត្តមបន្ថែមថា តាមរយៈការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័នកម្ពុជា ដែលកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីមួយ ដោយក្នុងនោះ ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមចំណែកដល់អនាគត នៃកម្ពុជា ដែលជំរុញដោយនវានុវត្តន៍។
ក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍» នៅប្រទេសកូរ៉េ ដែលមានវត្តមានគណៈប្រតិភូកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បន្តលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ ជាឱកាសដ៏សំខាន់មួយក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ឆ្នាំ២០៣០។
ក្នុងឱកាស នៃការចូលរួមវិធីបណ្តុះបណ្តាល នៃដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុល សៀងហេង ក៏បានលើកឡើងថា កម្ពុជា ដែលមានភាគលាភប្រជាសាស្ត្រ អាចទទួលបានអត្ថប្រយោជន៍តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខណៈដែលកូរ៉េកំពុងប្រឈមនឹងកង្វះអ្នកវិទ្យាសាស្ត្រ និងកំណើននៃប្រជាជនវ័យចំណាស់ ហើយភាពជាដៃគូនេះ អាចដើរតួជាស្ពាន សម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបុគ្គលមានទេពកោសល្យរវាងប្រទេសទាំងពីរ។
លោកស្រីបណ្ឌិត Lee Myonghwa នាយកកម្មវិធីភាពជាដៃគូ K-Innovation ថ្លែងថា វាជាកិត្តិយសមួយ ក្នុងការចែករំលែកការយល់ដឹង និងបទពិសោធរបស់កូរ៉េជាមួយកម្ពុជា ហើយការចែករំលែកនេះវាមិនត្រឹមតែអាចឱ្យកម្ពុជារៀនសូត្រពីកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែកូរ៉េ ក៏អាចទទួលបានការយល់ដឹង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី វ.ប.ន. ដោយមាននិរន្តរភាព និងទេពកោសល្យដ៏មានតម្លៃពីសហគមន៍អ្នកស្រាវជ្រាវរបស់កម្ពុជា ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី