2025-04-13
ឃី ភារៈ
2025-04-13
ឃី ភារៈ
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំទឹកប្រាក់ ៥០លានដុល្លារ ដែលសម្រេចជោគជ័យក្នុងការបោះផ្សាយ ដោយក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក។ នេះបើតាមការលើករបស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា។
ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯកឧត្តម ហ៊ាន សាហ៊ីប បានបន្តលើកឡើងថា ការចុះបញ្ជីលក់មូលបត្របំណុលនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យមូលបត្រនៅកម្ពុជា សម្រាប់ដើមត្រីមាសទី២ ឆ្នាំ២០២៥នេះ។ ឯកឧត្តម ហ៊ាន សាហ៊ីប បន្តថាកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ធនាគារអេស៊ីលីដា បានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ ដោយបានកៀរគរមូលធនពីផ្សារមូលបត្រក្នុងទំហំ ១០០លានដុល្លារអាម៉េរិក។
ក្នុងពិធី ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ មេសានេះ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ដែលរួមមានក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណចំនួន១៤ ដោយបានកៀរគរមូលធនពីផ្សារមូលបត្រ សរុបប្រមាណ ៥៥០លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុន ស្នេថេក ដាយណាមិក មានអាជីវកម្មចម្បងខាងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា តាមរយៈការរួមចំណែកបំពេញបន្ថែមទាំងបរិមាណ និងស្ថេរភាពនៃថាមពលអគ្គិសនីនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ វិទ្យាស្ថានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី