2025-03-15
គិត បុប្ផា
2025-03-15
គិត បុប្ផា
ភ្នំពេញ៖ សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ស្មើប្រមាណ ៨៧លានដុល្លារ ដើម្បីគាំទ្រការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើការផ្ដល់ឱ្យកសិករខ្នាតតូច និងអាជីវកម្មកសិ-ឧស្សាហកម្ម ជាមួយនឹងឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ។
តាមរយៈការដាក់ដំណើរការ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នេះ នឹងបង្កើនសន្តិសុខស្បៀង ពង្រឹងសក្តានុពលភាពនាំចេញ និងការបង្កើតឱកាសរកចំណូលប្រកបដោយនិរន្តរភាពសំរាប់សហគមន៍ជនបទផងដែរ។ សេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា ទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ម៉ឺននាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយបង្កើនផលិតភាព និងការប្រកួតប្រជែង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កិច្ចព្រមព្រៀងសម្រេចបាននាពេលនេះ គឺជាសក្ខីភាព ដែលបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រ ពីដៃគូអភិវឌ្ឍន៍សំខាន់ៗ ស្របពេលដែលកម្ពុជា មានគោលបំណងសម្រេចគោលដៅក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងដូច្នេះថា៖ «តាមរយៈកិច្ចសហការគ្នា យើងកំពុងជួយវិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋនៅតាមសហគមន៍ជនបទ»។
កញ្ចប់វិនិយោគខាងលើផងដែរ នឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ នូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។
ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន ៦០លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រ ចំនួន ៤,៥លានអឺរ៉ូទៀតពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះកើនឡើងដល់ជិត ៨០លានអឺរ៉ូ។ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទរបស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះនូវទឹកប្រាក់ចំនួន ៤៩លានដុល្លារផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី