SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី៖«យើងចាំបាច់ត្រូវប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិកម្មពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់»


សម្តេចធិបតី៖«យើងចាំបាច់ត្រូវប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិកម្មពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់»
A+ A-

ភ្នំពេញ៖ ដោយសេដ្ឋកិច្ចកម្ពុជា មិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបបកម្មវិស័យនានា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីការធ្វើទំនើបក្នុងវិស័យកសិកម្មថា វិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។

«យើងក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក, ក្នុងតំបន់ និងសកលលោកផងដែរ»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាព នៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។

តួអង្គចំនួន៣ ដែលប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ពីការធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជា ដើម្បីឱ្យក្លាយទៅជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់។ តួអង្គទី១ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង គឺ«អ្នកប្រតិបត្តិផ្ទាល់» ដែលជាប្រជាកសិករ និងប្រតិបត្តិករ ត្រូវខិតខំ និងមានឆន្ទៈមោះមុត ព្រមទាំងព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា ទើបអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មកាន់តែរីកចម្រើន។

សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាល នឹងលើកកម្ពស់ការចងក្រងប្រតិបត្តិករទាំងអស់ ទាំងប្រជាកសិករ និងបណ្តាសហគ្រាសជារចនាសម្ព័ន្ធ ដូចជា សហគមន៍កសិកម្ម ឬជាសហគ្រាស ដើម្បីគ្រប់គ្រងទីផ្សារ និងផ្សារភ្ជាប់ជាមួយវិស័យឯកជនដទៃទៀតឱ្យកាន់តែមានភាពជិតស្និទ្ធគ្នា។ យន្តការចងក្រងប្រតិបត្តិករនេះ សម្តេចថ្លែងបញ្ជាក់ថា អាចឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព ទាំងលើការផ្តល់ជំនួយបច្ចេកទេស, ការប្រឹក្សាយោបល់ និងការផ្តល់ឥណទាន ជាដើម។

ពេលនោះ ប្រតិបត្តិករទាំងអស់ ក៏នឹងមានអំណាចចរចាទីផ្សារ ព្រមទាំងអាចអនុវត្តតាមកិច្ចសន្យាផលិតកម្ម បើកឱកាសក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មដល់ទីផ្សារធំៗ ដូចជា នៅតាមបណ្តាផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារបរទេសទៀតផង។ 

ចំណែកតួអង្គទី២ គឺ«រាជរដ្ឋាភិបាល» ដែលមានតួនាទីជាអ្នកតម្រង់ទិសដៅ និងជួយសម្របសម្រួលដល់ការអភិវឌ្ឍវិស័យនេះ ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញប្បទាន, និងបច្ចេកទេស ព្រមទាំងធ្វើការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម។ 

ជាក់ស្តែងដែលតួអង្គរដ្ឋាភិបាល បាននិងកំពុងអនុវត្ត គឺការរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទានចំនួន ១០០លានដុល្លារអាម៉េរិក និងការដាក់ពង្រាយមន្រ្តីកសិកម្មរហូតដល់ថ្នាក់មូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌ និងបរិយាបន្ន»។

«អតិថិជន» គឺជាតួអង្គចុងក្រោយដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ ដើម្បីផ្សារភ្ជាប់វិស័យកសិកម្ម ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ និងអាចប្រកួតប្រជែងនឹងការនាំចូលទីផ្សារពិភពលោកបាន។ សម្តេចបញ្ជាក់ថា អតិថិជន គឺជាអ្នកជួយគាំទ្រដល់ផលិតផលខ្មែរ ជាអ្នកជួយដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាជនទាំងអស់ ដែលជាអតិថិជនឱ្យបន្តផ្តល់ការគាំទ្រកាន់តែខ្លាំងថែមទៀតដល់ផលិតផលកសិកម្មកម្ពុជា។ សម្តេចធិបតី ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមន្រ្តីកសិកម្ម ដែលនឹងត្រូវដាក់ពង្រាយទៅដល់មូលដ្ឋានផ្ទាល់ បង្កើតនិងផ្សព្វផ្សាយនូវវប្បធម៌«យកគុណភាព ជាជាងយកបរិមាណ» ទៅកាន់ប្រជាកសិករទាំងអស់ ដើម្បីធានាថាផលិតផលខ្មែរមានគុណភាព, មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី