2024-11-18
SME News
2024-11-18
SME News
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១ពាន់រៀលឡើយ។ អ្នកនាំពាក្យរូបនេះបានចោទជាសំណួរដូច្នេះថា ហេតុអ្វីបានជាបុគ្គលមួយចំនួនថា តម្លៃត្រូវត្រឹមតែ៩០០រៀល ខណៈដែលអ្នកខ្លះទៀតបែរជាថារហូតដល់ ១៣០០រៀលទៅវិញ?
អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកនាំពាក្យ ឃឹម ហ្វីណង់ ឆ្លើយត្រឡប់ទៅវិញថា៖«យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជា ស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០រៀល ជារៀងរាល់ឆ្នាំទៅហើយ។ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ»។
ឯកឧត្តម ឃឹម ហ្វីណង់ ដែលបានដឹកនាំចងក្រងសហគមន៍កសិកម្មទំនើបស្រូវនាងអំ ដោយផ្ទាល់ បានមើលឃើញកសិករសមាជិកសប្បាយចិត្ត ដែលលក់បានក្នុងតម្លៃ៩៥០រៀល/គីឡូ។ ករណីដែលតម្លៃស្រូវឡើងថ្លៃនៅឆ្នាំ២០២៣ ជាករណីពិសេសមួយដែលអ្នកនាំពាក្យក្រសួងកសិកម្ម ឃឹម ហ្វីណង់ ពន្យល់ថាមកពីកត្តាដែលប្រទេសឥណ្ឌា បិទការនាំចេញអង្ករ និងធ្វើឱ្យថ្លៃស្រូវហក់ឡើង២០%-៣០%ភ្លាមៗ។ ការវិលទៅរកប្រក្រតីភាពនៃថ្លៃស្រូវក្នុងឆ្នាំ២០២៤នេះ មិនបានធ្វើឱ្យកសិករខ្មែរខាតបង់នោះទេ ហើយតាមពិតទៅ ថ្លៃស្រូវឆ្នាំ២០២៤ ល្អជាងថ្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២ ទៅទៀតផង។
ចំពោះករណីដែលស្រូវលក់បានតម្លៃទាប គឺមកពីកត្តាផ្សេងៗទៀតដែលតែងត្រូវបានយកមកធ្វើឱ្យមានការយល់ច្រលំ ដូចជា ស្រូវដែលមានគុណភាពក្រោមស្តង់ដារ ឬស្រូវលក់ក្នុងបរិមាណតិចតួចនៅតំបន់ដែលមានទីតាំងដាច់ស្រយាល ជាដើម។ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា អ្នកដែលបំផុសថា ថ្លៃស្រូវទាបជាង១ពាន់រៀល ក្នុងចេតនាធ្វើឱ្យមានការយល់ច្រលំ ច្រើនជាងចង់ផ្តល់ព័ត៌មានពិតជួយដល់កសិករ អាចទាក់ទងទូរសព្ទទៅលេខ ១២៨៩ ដើម្បីទទួលបានព័ត៌មានបន្ថែមពីមន្ត្រីកសិកម្មរបស់ក្រសួង។ ជាមួយគ្នានេះ មន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាន នឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលប្រជាកសិករលើបញ្ហាទីផ្សារនិងតម្លៃស្រូវផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី