2023-11-03
SME News
2023-11-03
SME News
ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តស្វាយរៀង មានគម្រោងវិនិយោគចំនួន ៦៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៧៧លានដុល្លារ និងបានបង្កើតការងារប្រមាណ២៣ម៉ឺនកន្លែង។ ឯកឧត្តម ស៊ុន ចាន់ថុល បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសទាំង៣នោះ និងបណ្តាក្រុមហ៊ុនវិនិយោគចំនួន៦ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាព ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣នោះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ និងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ។ តំបន់សេដ្ឋកិច្ចពិសេសទាំង៣ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀងនេះ មានទុនវិនិយោគសរុបចំនួន ៩៧៧លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង។ គម្រោងដែលបាននិងកំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣,១៤៣កន្លែង។ ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យនិងស្តាប់មតិយោបល់របស់ថៅកែរោងច្រកចំនួន ៦ផងដែរ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣នោះ។
តាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះ រួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។ ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជជែកដើម្បីស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគនិងអភិវឌ្ឍន៍ ខណៈដែលថៅកែរោងច្រកទាំងនោះ បានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា។ ការណ៍នេះ បង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ដោយអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា។
សូមជម្រាបផងដែរថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១,៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥,០៨៦កន្លែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី