2024-08-20
អ៊ួន សំណាង
2024-08-20
អ៊ួន សំណាង
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានហាមឃាត់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកទាំងអស់ មិនឱ្យទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ របស់ប្រជាពលរដ្ឋមកធ្វើជាការធានាលើការផ្តល់ឥណទានជាដាច់ខាត។ តាមសេចក្តីជូនដំណឹងរបស់ ABC និង CMA ការហាមឃាត់បែបនេះ ដើម្បីបន្តពង្រឹងការអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ដើម្បីធានានូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ បានអនុម័តលើវិធានការដូចជា៖ គ្រឹះស្ថានធនាគារ មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាព រួមមាន៖ ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចជាមួយរដ្ឋមកធ្វើជាទ្រព្យធានាឥណទានថ្មីទេ។
ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ គ្រឹះស្ថានធនាគារមិនត្រូវប្រើវិធីសាស្ត្រលក់ដោយបង្ខំ ឬលើកទឹកចិត្តឱ្យអតិថិជនលក់ដាច់ខាត ដែលក្នុងនោះគ្រឹះស្ថានធនាគារ ត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំងនោះ ទៅឱ្យអតិថិជនវិញ ក្រោយពេលឥណទាននោះត្រូវបានបញ្ចប់។ ចំពោះ ការផ្តល់ឥណទានលើគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ចៀសវាងការផ្តល់ឥណទាន ដែលមានទំហំលើសពីសមត្ថភាព។
ដើម្បីបន្តការធានានូវបរិយាបន្នហិរញ្ញវត្ថុ ចំពោះពលរដ្ឋដែលកំពុងអាស្រ័យផលលើដី កម្មសិទ្ធិសមូហភាព ដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងពលរដ្ឋដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ បានលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិក ត្រូវបន្តផ្តល់ឥណទានដល់អតិថិជនតាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានា និងត្រូវមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ ABC និង CMA បានបញ្ជាក់ថា វិធានការខាងលើ គឺជាយន្តការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី