2025-09-03
ឃី ភារៈ
2025-09-03
ឃី ភារៈ
ភ្នំពេញ៖ ទោះបីរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅ តាមលទ្ធភាពជាក់ស្តែង ប៉ុន្តែមន្ត្រីរាជការ និយោជិត កម្មករ នៅតែទទួលបានការឈប់សម្រាកចំនួន ៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ ដោយនៅរក្សាដដែល។
យោងតាមសារាចរចុះថ្ងៃទី៧ ខែសីហាឆ្នាំ២០២៥ និងផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣ កញ្ញានេះ បានឱ្យដឹងថាការផ្អាក ព្រះរាជពិធីបុណ្យអុំទូក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
ពាក់ពន្ធ័នឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត រាជរដ្ឋាភិបាល ជំរុញឱ្យបន្តយកចិត្ត ទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋានរៀងៗខ្លួន។
រាជរដ្ឋាភិបាល ជំរុញឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយ ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។
រីឯ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងនិងជំរុញសេដ្ឋកិច្ច មូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិង ធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានាដែលរាំងស្ទះដល់ សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិយោគ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ជាពិសេសគ្រោះទឹកជំនន់ ក៏ដូចជាការត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ។ ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី