2025-05-30
គិត បុប្ផា
2025-05-30
គិត បុប្ផា
ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសជំរុញវិនិយោគដោយផ្ទាល់ពីប្រទេសកាណាដា មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានា ដែលជាហេតុនាំឱ្យកម្ពុជា គឺជាទីចាប់អារម្មណ៍ក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់ នៃវិស័យឯកជន និងច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងបន្តថា កម្ពុជា ក៏មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ វិស័យភស្តុភារកម្ម និងវិសាលភាពកំពង់ផែ ដែលបាននិងកំពុងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្ត ដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ នាពេលអនាគត។
ទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា នៅកម្ពុជានេះ ជាបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដា ឆ្នាំ២០២៥ (2025 Team Canada Trade Mission - TCTM) ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែងប្រកបដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី