2025-04-20
ទូច សូរិយា
2025-04-20
ទូច សូរិយា
ភ្នំពេញ៖ ក្រុមការងារក្រសួងបរិស្ថាន ពិនិត្យឃើញករណីមានក្លិនស្អុយចេញពីរោងចក្ររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលប្រមូលទិញកាកស្រាបៀរ យកមកកែច្នៃជាចំណីសត្វ ដែលផលិតផលពាក់កណ្តាលសម្រេច សម្រាប់លក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក និងនាំចេញ ដោយមិនបានដំណើរការប្រព័ន្ធសម្អាតផ្សែង និងក្លិនគ្រប់ចំនួននិងទៅតាមស្តង់ដារបច្ចេកទេស។
តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញការបញ្ចេញសំណល់ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថានរបស់រោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលស្ថិតនៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រុមការងារ បានឱ្យក្រុមហ៊ុនមានការកែលម្អ និងអនុវត្តតាមច្បាប់ និងបទដ្ឋានគត្តិយុត្តនានារបស់កម្ពុជា ខណៈដែលតំណាងក្រុមហ៊ុន បានទទួលស្គាល់ពីចំណុចអវិជ្ជមាន និងសន្យាកែលម្អប្រព័ន្ធសម្អាតផ្សែង និងក្លិនឱ្យបានល្អប្រសើរ ដែលមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងរោងចក្រ។
ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំពុលបរិស្ថាន ក្រុមការងារអនុវត្តច្បាប់ ដូចជា៖ ១.ក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន, ២.ក្រុមហ៊ុនត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង សម្អាតក្លិនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ៣.ក្រុមហ៊ុនត្រូវរកសេវាដឹកជញ្ជូន សំណល់គ្រប់ប្រភេទ មានសំណល់រឹង សំណល់រាវ ដែលមានលិខិតអនុញ្ញាត ទទួលដឹកសំណល់ពីក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំទុកដាក់សំណល់ត្រឹមត្រូវ ចាំបាច់ត្រូវមានអាងប្រព្រឹត្តកម្មសំណល់រាវត្រឹមត្រូវ។
ចំពោះ ៤.ក្នុងអំឡុងពេលនេះ ក្រសួងបរិស្ថាន ផ្អាករាល់ការអនុញ្ញាតទាំងអស់ រហូតដល់ក្រុមហ៊ុនធ្វើការកែតម្រូវតាមច្បាប់ និងគោលការណ៍ជាធរមាន, ៥.ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាម ឬបំពានចំណុចខាងលើ ក្រសួងបរិស្ថានផ្អាកដំណើរការក្រុមហ៊ុនរហូតដល់ក្រុមហ៊ុនកែតម្រូវ តាមច្បាប់និងគោលការណ៍ជាធរមាន និង៦.ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាម ឬបំពានថែមទៀត ក្រសួងបរិស្ថាននឹងមានចំណាត់ការ បិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕
នាំមកជូនដោយ