SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី៖ មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់ នឹងក្លាយជាសេនាធិការដោះស្រាយបញ្ហារបស់ប្រជាកសិករ


សម្តេចធិបតី៖ មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់ នឹងក្លាយជាសេនាធិការដោះស្រាយបញ្ហារបស់ប្រជាកសិករ
A+ A-

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ ត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១៧ ខែធ្នូ។ ការប្រឡងដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្មនេះ ត្រូវបានធានាអះអាងថា ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់។ ក្រោយការប្រឡងចប់ សម្តេចធិបតី នៅថ្ងៃទី១៨ ខែធ្នូ បានមានប្រសាសន៍ថា មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ នឹងក្លាយជាសេនាធិការក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ ដែលបាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ពីក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំពោះ មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់ ដែលនឹងត្រូវប្រកាសលទ្ធផលប្រឡងនាពេលខាងមុខ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម។ ខេត្តគោលដៅដែលត្រូវពង្រាយមន្ត្រីកសិកម្មនៅចុងឆ្នាំ២០២៣នេះ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី។ ការដាក់មន្ត្រីជំនាញកសិកម្មនេះ នឹងផ្តល់អាទិភាពដល់បេក្ខជនដែលមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ ដោយមានតួនាទីប្រមូលព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ប្រជាកសិករមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជាសេនាធិការដ៏សំខាន់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍន៍សហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឱ្យក្លាយជាសហគមន៍កសិកម្មទំនើប ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ កិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី៤ គឺផ្តោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់គោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យកសិកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងនាថ្ងៃអនាគត ដោយបានផ្តល់ជាគោលការណ៍ក្នុងការជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ ក្នុងឆ្នាំ២០២៣ ចំនួន ៨០០នាក់ ក្នុងឆ្នាំ២០២៤ ខណៈដែលឆ្នាំ២០២៥ គ្រោងនឹងបន្ថែមចំនួន ៥៥០នាក់ទៀត ដើម្បីឆ្លើយតបដល់ឃុំដែលមានសក្តានុពល និងសកម្មភាពកសិកម្មចំនួន ១ ៥៥០ ដែលបម្រើដល់កសិករប្រមាណ ២លានគ្រួសារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី