2023-11-24
ទូច សូរិយា
2023-11-24
ទូច សូរិយា
ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករទុកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់ចុះមកត្រឹម ៥,៤ ភាគរយ ពោលគឺធ្លាក់ចុះ០,១ភាគរយ ពីការព្យាករទុកកាលពីខែឧសភាកន្លងទៅ។ កត្តាដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះគឺ គួបផ្សំសម្ពាធពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើនសេដ្ឋកិច្ច ទោះបីជាមានការងើបឡើងក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀតក៏ដោយ។
យោងទៅតាមរបាយការណ៍ចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជាមានចំណងជើងថា៖« Cambodia Economic Update: From Recovery to Reform» ចេញផ្សាយដោយធនាគារពិភពលោកកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមក ក៏ផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិក នៅតែមានកម្រិត និងការផ្គត់ផ្គង់ថាមពល ដែលពិបាកទុកចិត្តបាន នឹងបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅកើតឡើងក្នុងពេលតែមួយរួមបញ្ចូលដូចជា ការរាតត្បាតជំងឺជាសកល, សង្គ្រាមរវាងប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថា នឹងនៅជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ធនាគារពិភពលោក បន្ថែមថា វិស័យទេសចរណ៍មានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានកម្រិតទាបជាងមុនការផ្ទុះជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច គឺបានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥ភាគរយ ដែលធ្វើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍តាមរយៈផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។
នៅក្នុងរបាយការណ៍ដដែលនេះ ប្រសិនបើកម្ពុជាមានការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះនឹងនាំឱ្យកំណើនសេដ្ឋកិច្ចបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖«ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារ ជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះ អាចសម្រេចបានដោយធ្វើសកម្មភាពភ្លាមៗ ក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ»។ លោកស្រីបន្ថែមទៀតថា ការរក្សាស្ថេរភាពហិរញ្ញវត្ថុ ក៏ជាអាទិភាពមួយដែរ ដែលចាំបាច់ត្រូវតែខិតខំថែមទៀត ក្នុងការស្តារលំហសារពើពន្ធឡើងវិញ។
បន្ថែមពីនេះ ធនាគារពិភពលោក ព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ និង ៦,១ភាគរយ ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍នឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានា ដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
របាយការណ៍នេះផ្តោតពិសេស អំពីកំណែទម្រង់រចនាសម្ព័ន្ធអាចជួយកម្ពុជា ជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម។
គួរបញ្ជាក់ថា នៅថ្ងៃខាងមុខ កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារ បើនៅក្នុងស្រុកមានការកើនឡើងនៃបំណុលគ្រួសារ, ឥណទានក្នុងស្រុក និងវិស័យអចលនទ្រព្យនៅតែជាហានិភ័យ។ ចំពោះឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២ភាគរយ៕
ទាក់ទងនឹងការព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា ដោយធនាគារពិភពលោកនាពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកម្មវិធីស្តីពី«ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត» ដែលធ្វើនាថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញ នៅសណ្ឋាគារសុខា បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់នាពេលកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខ នោះកម្ពុជារំពឹងថា អាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអាត្រា៥,៦ភាគរយនៅឆ្នាំ២០២៣ និងបន្តងើបកាន់តែលឿនក្នុងអាត្រា៦,៦ភាគរយនៅឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី