2024-12-20
គិត បុប្ផា
2024-12-20
គិត បុប្ផា
ភ្នំពេញ៖ សក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ គឺមានច្រើន ដែលត្រូវជំរុញការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម័្ពន្ធ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីបើកវេទិកាវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងវេទិកាវិនិយោគនៅខេត្តព្រះសីហនុ ដែលមានវិនិយោគមកពីចិន កូរ៉េ សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក និងប្រទេសផ្សេងៗទៀត ឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់ថា វេទិកានេះ នឹងដើរតួជាវេទិកាសម្រាប់សន្ទនា និងផ្លាស់ប្តូរចំណេះដឹង ដែលអនុញ្ញាតឱ្យវិនិយោគិនបង្ហាញពីគុណសម្បត្តិ និងអត្ថប្រយោជន៍ពិសេសការវិនិយោគក្នុងខេត្តរួមគ្នា ស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមកំពុងជួបប្រទះ និងចាប់យកឱកាសល្អថ្មីៗបន្ថែម។
ឯកឧត្តមអភិបាលខេត្ត ម៉ាង ស៊ីណេត ក៏បានលើកឡើងពីការដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលជាលទ្ធផលក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ទទួលបានសំណើលើកទឹកចិត្តចំនួន ២១៦គម្រោង ក្នុងនោះគម្រោងទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ២១៣គម្រោង ដែលមានទុនវិនិយោគសរុបជាង ៦ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ អនុគណៈកម្មាធិការវិនិយោគខេត្ត បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ដែលមានទុនវិនិយោគសរុបជាង ១៤លានដុល្លារ ក្នុងនោះឆ្នាំ២០២៤ មានចំនួន ៣គម្រោង ក្នុងទុនសរុប ៧លានដុល្លារ។
បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ វេទិកាខាងលើនេះ ប្រព្រឹត្តឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ តាមរយៈជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ វេទិកានេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកកែប្រែក្លាយខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលវិនិយោគ និងអភិវឌ្ឍន៍ដ៏រស់រវើកក្នុងក្របខ័ណ្ឌអាស៊ាន ដោយក្នុងនោះ រាជរដ្ឋាភិបាល ចង់ឱ្យខេត្តនេះ រីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងវិនិយោគ។
គួរបញ្ជាក់ថា «វេទិកាវិនិយោគខេត្តព្រះសីហនុ» ដែលរៀបចំឡើងនៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុនេះ មានការចែករំលែក និងផ្តល់ព័ត៌មានពីអត្ថប្រយោជន៍នៃការវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យយុទ្ធសាស្ត្រចំនួន៥ ដូចជា៖ ១.ការផលិត ២.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៣.ភស្តុភារកម្ម និងដឹកជញ្ជូន ៤.ហិរញ្ញវត្ថុធនាគារ និងអចលនទ្រព្យ និង៥.កសិកម្ម និងការកែច្នៃម្ហូបអាហារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី