2024-10-25
SME News
2024-10-25
SME News
ភ្នំពេញ៖ «ទំនប់អូរតេធិបតី» ដែលមានតម្លៃប្រមាណ ៦២លានដុល្លារ បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរិ ប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ។
«ទំនប់អូរតេធិបតី» គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត ដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ បន្ថែមពីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ។
«ទំនប់អូរតេធិបតី» ព្រមទាំងទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ គម្រោងនេះ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់បម្រើឱ្យពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ធានាដល់ការគ្រប់គ្រងទឹក និងការផលិតទឹកស្អាត ព្រមទាំងការងារស្រោចស្រពក្នុងវិស័យកសិកម្ម។ គម្រោងនេះប្រើពេលសាងសង់រយៈពេល ៣ ឆ្នាំ និងបានចំណាយថវិកាសាងសង់សរុបប្រមាណ ៦២លានដុល្លារអាម៉េរិក៕
នាំមកជូនដោយ