2024-10-06
គិត បុប្ផា
2024-10-06
គិត បុប្ផា
ភ្នំពេញ៖ ស្ថានទូតចិន ឯកភាពសហការជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ ឱ្យបង្កើនជើងហោះហើរត្រង់ រវាងបណ្តាខេត្ត និងទីក្រុងធំៗរបស់ប្រទេសចិនមកកម្ពុជាឱ្យបានកាន់តែច្រើន និងទៀងទាត់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនប្រទេសទាំងពីរ និងបង្កើនភ្ញៀវទេសចរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
ក្នុងជំនួបកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិនប្រចាំកម្ពុជា ក៏បានឯកភាពជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌និងទេសចរណ៍ចិន។ កិច្ចសហការនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។
ស្ថានទូតចិន ក៏នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ រួមមាន៖ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia- China Gastronomy Week) នាថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប, វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជា-ចិន នៅថ្ងៃទី២៨-៣០ ខែតុលា ក្នុងខេត្តសៀមរាប, ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Travel Mart) ថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងព្រឹត្តិការណ៍ The 13th China Zhengzhou International Shaolin Wushu Festival នៅប្រទេសចិនផងដែរ។
ក្រៅកិច្ចព្រមព្រៀងខាងលើ ស្ថានទូតចិនបានយល់ព្រមផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជនចិន ព្រមទាំងជួយទប់ស្កាត់និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ដែលជះផលអវិជ្ជមានដល់កម្ពុជា។ ស្ថានទូតចិន នឹងពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា ឬនៅចិន ខណៈដែលភាគីទាំងពីរ ឯកភាពចាត់តាំងជនបង្គោល ដើម្បីតាមដានវឌ្ឍនភាពកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន រួមទាំងផ្នែកឯកជនចិន និងកម្ពុជាក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ហួត ហាក់ និងឯកឧត្តម Wang Wenbin បានឯកភាពសហការរៀបចំកម្មវិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ខាងមុខ ព្រមទាំងមានគំនិតផ្តួចផ្តើមរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំ បន្តបន្ទាប់ទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី