SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រវត្តិនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ


ប្រវត្តិនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-28

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-28

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់នៅក្នុងព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃ១ រោច ខែភទ្របទ តែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឡើង មិនដែលខកខានឡើយ ស្ទើរតែគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា។ ជាពិសេស ឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម ដែលនៅជិតលំនៅដ្ឋាន ឬនៅស្រុកភូមិសាច់ញាតិដូនតារបស់ពួកគេ។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរលង់ណាស់មកហើយ។

ប្រវត្តិនៃបុណ្យភ្ជុំបិណ្ឌ៖ បើតាមតម្រាចារ្យតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែ កាលពីសម័យមុនគេមិនហៅថាបុណ្យភ្ជុំបិណ្ឌទេ មានតែពាក្យថា បវារណាបច្ច័យ៤ តែប៉ុណ្ណោះ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ១៤ រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥ រោច ដែលគេហៅថា«បុណ្យភ្ជុំ» ឬភ្នំធំដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល១៥ថ្ងៃ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្ន ត្រូវបានរួមបញ្ចូលគ្នា ហើយហៅកាត់ថា «ពិធីបុណ្យភ្ជុំបិណ្ឌ» តែម្តង។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ៖ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ ពិធីបុណ្យនេះ ពីបុរាណកាលមកបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (និមន្តបិណ្ឌបាត្រ)។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញព្រះវស្សា។

ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅកាន់បរលោក ពពួកប្រេត និងញាតិទាំង៧សន្តាន ជាដើម។ល។ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរវេរា រងទុក្ខទោសដោយប្រការណាមួយ បានរួចផុតពីក្ដីលំបាកសោកសៅទាំងអស់នោះ។ ក្នុងន័យមួយទៀត ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក៏ជាពិធីបុណ្យទក្ខិណានុប្បទានមួយ ដែលប្រជាពុទ្ធបរិស័ទ ធ្វើឡើងនៅរដូវកាលដែលព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈពេលមួយត្រីមាស(៣ខែ) ដើម្បីទំនុកបម្រុងព្រះសង្ឃ ដោយចង្ហាន់បិណ្ឌបាត្រផង បច្ច័យបួនផង ដែលពុទ្ធកាលនាសម័យកាលនោះ គេហៅថា បុណ្យបវារណបច្ច័យបួនដល់ព្រះសង្ឃ។

ដោយឡែកនៅក្នុងកម្ពុជរដ្ឋយើង នារជ្ជកាលព្រះបាទអង្គឌួង នៅឆ្នាំ១៨៤៨-១៨៥៩ ដែលព្រះអង្គគឺជាពុទ្ធសាសនិកដ៏ឆ្នើម ក្នុងការដឹកនាំធ្វើពិធីបុណ្យនេះឡើង ដោយព្រះអង្គឈ្វេងយល់ឃើញថា ការរៀបចំពិធីបុណ្យនេះមិនអាចធ្វើរយៈពេល៣ខែបានឡើយ ដោយប្រជានុរាស្ត្រជាប់រវល់ក្នុងការងារបង្កបង្កើនផល ប្រកបមុខរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិត ព្រះអង្គក៏បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរ គោរពប្រតិបត្តិត្រឹមតែ រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដោយប្រជាពលរដ្ឋយើងមួយចំនួនធំ បានបញ្ចប់ពីការងារបង្កបង្កើនផល ហើយក៏ជារដូវមានទឹកភ្លៀងធ្លាក់ជោកជាំទៀតផង។

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ៖ ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ រោច ដល់ថ្ងៃទី១៥ រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជន ដែលជាញាតិ ដែលបានលាចាកលោកនេះទៅហើយ។ នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេស ក្រុមនីមួយៗដែលបានរៀបចំជាក្រុម ឬជាវេន តាមលោកអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារ មានបង្អែម មាននំអន្សម នំជាល នំគម នំបត់ និងផ្លែឈើជាដើម ដើម្បីត្រៀមយកទៅប្រគេព្រះសង្ឃដែលគង់ចាំព្រវស្សា។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់ព្រះសង្ឃសូត្រស្វាធ្យាយធម៌ និងធម៌បរាភវសូត្រជាដើម។

ចំណែកឯកូនចៅដែលនៅផ្ទះវិញ នាំគ្នាធ្វើម្ហូអាហារទៅតាមផ្ទះនីមួយៗ នៅក្នុងភូមិដែលទទួលវេនកាន់បិណ្ឌនេះ។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀបចំខ្លួនឱ្យបានសមរម្យ កណ្ដៀត យួរ កាន់ ទូល រែក យកទេយ្យទានទាំងអស់នោះទៅកាន់វត្ត។ នៅក្នុងវត្តលោកអាចារ្យ ត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរប្រគេន ចង្ហាន់ដល់ព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ នំចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ។

ការប្រារព្ធនូវវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្នុងគោលបំណងទី១. ដើម្បីអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សា, ទី២. ធ្វើឡើងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកឋានទៅហើយ តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ដល់ព្រះសង្ឃ និងអ្នកមានសីល ឬអ្នកមានគុណធម៌ខ្ពង់ខ្ពស់, និងទី៣. ក្រៅពីការធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋាន ពិធិបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស អាចធ្វើបុណ្យ បំពេញកុសល សម្រាប់សេចក្តីសុខ និងសេចក្តីចម្រុងចម្រើនសិរីសួស្តីដល់ខ្លួនឯង នាបច្ចុប្បន្ន និងសម្រាប់ជាស្ពានទៅកាន់លោកខាងមុខផងដែរ។ ជាពិសេសជាឱកាសសម្រាប់កូនចៅ ប្រុសស្រីទាំងអស់ រំលឹកដឹងគុណ មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ដែលបានចិញ្ចឹម ថែទាំកូនចៅតាំងពីតូចៗមក បានទៅជួបជុំសាច់ញាតិនៅតាមស្រុកភូមិរបស់ខ្លួនផងដែរ។ មូលហេតុចម្បងៗទាំងអស់នេះហើយ ដែលនាំឱ្យអ្នកប្រាជ្ញខ្មែរយើងជំនាន់មុនៗ រួបរួមគ្នាបង្កើតឱ្យមានបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឡើងនៅប្រទេសកម្ពុជា តាំងពីសម័យយូរលង់ណាស់មកហើយ រហូតដល់ពេលបច្ចុប្បន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី