2025-11-09
ទូច សូរិយា
2025-11-09
ទូច សូរិយា
ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅទីតាំងចំនួន ២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ការឃាត់ខ្លួនជនសង្ស័យចំនួន ៦៥៨នាក់ នេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា គោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន៥៧នាក់ ស្រី១៥នាក់ មាន៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន១២នាក់ ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។ ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផល រកឃើញជនបរទេសសរុបចំនួន៦០១នាក់ មាន៤សញ្ជាតិ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម គណៈកម្មការចំពោះកិច្ច ដឹកនាំដោយនាយឧត្ដមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការបានសន្និដ្ឋានថា គោលដៅទី១ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ចំណែកគោលដៅទី២ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់ បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូនិងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ។
លោក ទូច សុឃៈ បានអះអាងថា ប្រតិបត្តិការខាងលើនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជាដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ ជាក់ស្ដែង ក្នុងអាណត្តិទី៦ កម្ពុជាបានបណ្ដេញចេញ ជនបរទេសពាក់ព័ន្ធ ចំនួន ២១ ០០០នាក់ និងបានបណ្ដេញចេញចំនួន ១៥ ០០០នាក់ ក្នុងរយៈពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ បើគិតក្នុងរយៈពេល៩ខែ នៃ ឆ្នាំ២០២៥ លោក ទូច សុឃៈ បន្ថែមទៀតថា នគរបាលជាតិកម្ពុជា បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៤៨លើក និងបាន បណ្ដេញជនបរទេស ចេញពីកម្ពុជាសរុបចំនួន ២.៧២២នាក់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី