2024-02-16
គិត បុប្ផា
2024-02-16
គិត បុប្ផា
ភ្នំពេញ៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើគន្លងមួយឆ្ពោះទៅរកស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា រួមទាំងមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គមនៃសកលលោក។ នេះបើតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទី១៤ កុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងនាមជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារកែទម្រង់នេះ អាចសម្រេចជោគជ័យបាន លុះត្រាមានកិច្ចសហការដ៏ល្អពីគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្ត្របោះជំហានតាមដំណាក់កាល ឬអភិក្រម ជាខឿនតាមរយៈការរៀបចំ និងអនុវត្តក្របខ័ណ្ឌផែនការសកម្មភាពរួមដ៏លម្អិតមួយ ឬហៅកាត់ថា CAP ដែលផ្សំឡើងពីបណ្តាសកម្មភាពចាំបាច់សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ និងសកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធមុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី