2025-02-19
គិត បុប្ផា
2025-02-19
គិត បុប្ផា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តផែនការពង្រីកប្រតិបត្តិការបន្ថែម៥0% សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ជាមួយនឹងការបង្កើនទំហំនៃការផ្តល់ហិរញ្ញប្បទាន ប្រចាំឆ្នាំ ពី ២៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣៤។ ផែនការនេះ គឺដើម្បីជំរុញប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ (DMCs) និងដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗ ក្នុងតំបន់។
លោក Masatsugu Asakawa ប្រធាន ADB មានប្រសាសន៍ថា ផែនការបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចី និងផែនការប្រើប្រាស់មូលធននេះ អាចធ្វើឱ្យ ADB វិនិយោគជាយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការក្នុងតំបន់។ ADB ក៏បានពង្រឹងការផ្តល់ប្រាក់កម្ចីសម្បទាន និងបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពជំនួយដ៏ធំបំផុតសម្រាប់ប្រទេសសមាជិកក្រីក្រ និងងាយរងគ្រោះបំផុត តាមរយៈផែនការថ្មីៗនេះ។
ADB រំពឹងថា ផែនការប្រើប្រាស់មូលធននេះ នឹងកើនឡើងយ៉ាងខ្លាំងនៃការសន្យាផ្តល់ប្រាក់កម្ចីរបស់ ADB ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ ជាមួយការបង្កើនបុគ្គលិក និងធនធានជំនួយបច្ចេកទេស បន្ទាប់ពីមានស្ថិរភាពកំណើន ប្រកបដោយនិរន្តរភាពក្នុងរយៈកាលកន្លងទៅ។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រាក់ចំណូលសុទ្ធរបស់ ADB ត្រូវបានព្យាករថានឹងកើនឡើងជាលំដាប់ ដោយ ADB មានបំណងវិនិយោគជាយុទ្ធសាស្រ្ត មួយផ្នែកនៃចំណូលនេះ ដើម្បីជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ បង្កើតគម្រោងដែលចំណេញនិងមានគុណភាពខ្ពស់ ព្រមទាំងប្រមូលថវិកាប្រកបដោយនិរន្តរភាពតាមរយៈទីផ្សារមូលធន។ គំនិតផ្តួចផ្តើមថ្មីៗ រួមមានការផ្តល់កម្ចីជាមួយនឹងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដើម្បីជំរុញការវិនិយោគលើភាពធន់ និងនិរន្តរភាព ក៏ដូចជាការគាំទ្រអាស្រ័យស្ថានភាពជាក់ស្តែងក្នុងការរៀបចំគម្រោង។
ADB ក៏នឹងបង្កើតវិធីសាស្រ្តប្រតិបត្តិការ ដើម្បីណែនាំការងារនាពេលអនាគតរបស់ខ្លួនក្នុងផ្នែក អភិវឌ្ឍន៍វិស័យឯកជន អន្តរកម្មឌីជីថល ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទំនិញសាធារណៈ (public goods)។ គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB អាចសម្រេចបាននូវគោលដៅរួមរបស់ខ្លួនសម្រាប់ឆ្នាំ ២០៣០ ដោយរួមបញ្ចូលទាំងការបង្កើនចំណែកនៃហិរញ្ញវត្ថុអាកាសធាតុដល់ ៥0% នៃការសន្យាផ្តល់ហិរញ្ញប្បទានសរុប និងការឈានដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យឯកជនសរុបចំនួន ១៣ ពាន់លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានរបស់ ADB និងពីការកៀរគរថវិកាដោយផ្ទាល់សម្រាប់ឆ្នាំ ២០៣០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី