2024-06-12
គិត បុប្ផា
2024-06-12
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ មានសារសំខាន់ណាស់សម្រាប់ជាមូលដ្ឋានចាំបាច់បំផុតដើម្បីកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ តាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលក្នុងពេល ២៥ឆ្នាំខាងមុខ កម្ពុជានឹងមានសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព បម្រើជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។
ការដាក់ឱ្យអនុវត្តវិធានការគន្លឹះ នឹងផ្តោតលើ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង(៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
នៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងមុខងារសាធារណៈ ដូចជា៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើ ត្រូវអនុវត្តបន្តតាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ», ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបានសម្រេច ឱ្យបានតាមគោលដៅ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ និងត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះឱ្យបានសមស្រប និងទាន់ពេល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី