2025-03-14
គិត បុប្ផា
2025-03-14
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដាក់គោលដៅជំរុញ និងសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ នឹងបន្តជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយហ្វ៊ីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បន្តខិតខំការពារសេចក្តីព្រាងច្បាប់អាកាសចរណ៍ស៊ីវិលថ្មី ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីទទួលបានការអនុម័តយល់ព្រម និងប្រកាសដាក់អនុវត្ត។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បន្តខិតខំការពារសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រកាសដាក់អនុវត្ត, រៀបចំឱ្យរួចរាល់លើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យសុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ -ICAO Coordinated Validation Mission - ICVM ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្របសម្រួល និងខិតខំផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ, ខិតខំដោះស្រាយរាល់បាតុភាពអសកម្ម ដែលអាចកើតឡើង មុនពេលដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ, បន្តដោះស្រាយការផ្ទេរដីសម្បទាន ជូនអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យបានឆាប់ និងពិនិត្យកែសម្រួលប្លង់មេ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ស្របតាមលក្ខណៈបច្ចេកទេស។ លើសពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បន្តជំរុញឱ្យមានការហោះហើរជាតិ និងអន្តរជាតិ ជាលក្ខណៈជួល (Charter Flights) ថែមទៀត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ, បន្តកៀរគរចំណូលចូលថវិការដ្ឋតាមផែនការកំណត់ និងដាក់វិធានការតឹងតែងទារ ចំពោះបណ្តាក្រុមហ៊ុនដែលជំពាក់រដ្ឋរ៉ាំរ៉ៃ។
ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋាន បន្តស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និងឯកជន (Public and Private Partnership – PPP) ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរី និងបាត់ដំបង, រៀបចំផែនការបញ្ជូនមន្ត្រីជំនាញ មន្ត្រីអធិការកិច្ច និងមន្ត្រីបន្តវេន ចូលរួមវគ្គបណ្តុះបណ្តាលសំខាន់ៗ ដើម្បីធានានិរន្តរភាពការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍។ រដ្ឋលេខាធិការដ្ឋាន បន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា ដែលអាចមានលទ្ធភាពកាន់តែទូលំទូលាយ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី